SHARE

នីក ជាក្មេងប្រុសអាយុ១០ឆ្នាំ និងជាកូនតែម្នាក់គត់ក្នុងគ្រួសារ។ គេមានឪពុកជាអ្នកជំនួញដ៏មមាញឹកម្នាក់ និងកម្រមានពេលវេលាសម្រាប់ជួបជុំគ្រួសារណាស់។
ឪពុករបស់ នីក តែងតែមកដល់ផ្ទះពេលគេគេងលក់បាត់ និងចេញទៅធ្វើការវិញ ពេល នីក មកពីសាលារៀន។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរមិនសូវបានឃើញមុខគ្នា ឬជុំជាមួយគ្រួសារឡើយ។

02

ល្ងាចមួយ នីក រំភើបចិត្តខ្លាំងព្រោះឃើញឪពុកនៅផ្ទះដោយនិយាយ៖ “ប៉ា! ខ្ញុំសប្បាយចិត្តណាស់ដែលឃើញប៉ានៅផ្ទះថ្ងៃនេះ”។

ប៉ាឆ្លើយ៖ “បាទកូនប្រុស! ព្រោះការប្រជុំត្រូវបានលុបចោល ហើយយន្តហោះត្រូវពន្យារពេល២ម៉ោងទៀត។ ដូច្នេះ ប៉ាត្រូវនៅផ្ទះបាន ២ម៉ោង”។

នីក៖ “ប៉ា! កូនចង់និយាយលេងជាមួយប៉ា ហើយចង់សួរពីរបីសំណួរដែរ បានទេប៉ា?” ប៉ា៖ “បាទ បានតើកូនប្រុស! សួរមក។”

នីក៖ “ពេលណាប៉ាត្រលប់មកវិញ?” ប៉ា៖ “រសៀលថ្ងៃស្អែក!” នីក៖ “ប៉ា តើប៉ារកបានប្រាក់ប៉ុន្មានក្នុងមួយឆ្នាំ”? ប៉ា៖ “អូ! កូនប្រុស ច្រើនណាស់ ប្រាប់ទៅក៏កូនមិនយល់ដែរ។”

loading...

នីក៖ “បាទប៉ា! តើប៉ាសប្បាយចិត្តជាមួយប្រាក់រកបានដ៏ច្រើនទាំងនោះអត់?” ប៉ា៖ ” បាទកូន! ប៉ា សប្បាយចិត្ត ហើយប៉ាក៏គ្រោងនឹងបើកសាខាថ្មីមួយ និងជំនួញថ្មីមួយទៀតដែរនៅពីរបីខែទៀត។ តើអស្ចារ្យទេកូនសំណព្វ?”

នីក៖ “បាទប៉ា! ខ្ញុំរីករាយណាស់ពេលបានឮដូចនេះ។” ប៉ា៖ ” មានសំណួរអីទៀតទេ កូននីក?”

នីក៖ “បាទប៉ា! ខ្ញុំមានតែមួយសំណួរទៀតទេ?” ប៉ា៖ “សួរមកអីចឹង!”

នីក៖ “ប៉ា! បើប៉ា មិនចង់ប្រាប់កូនថារកបានប៉ុន្មានក្នុងមួយឆ្នាំ ឬមួយខែក៏ហីចុះ។ តែប៉ាអាចបង្ហើបថា ប៉ារកប្រាក់បានប៉ុន្មានក្នុងមួយថ្ងៃ ឬកន្លះថ្ងៃ?” ប៉ា៖ ” នីកកូន! កូនមិនគួរសួរប៉ាអំពីចំណូលអីចឹងទេ ព្រោះកូនពិបាកយល់ និងមិនចាំបាច់ទេ។”

ដោយសារតែប៉ាមិនព្រមឆ្លើយ នីក បានទៅរកម៉ាក់ឲ្យជួយខ្លួន។ នីក សុំម៉ាក់ជួយជំរុញឲ្យប៉ាឆ្លើយសំណួរ ត្រឹមប្រាក់ចំណូលគិតជាម៉ោងក៏បានដែរ បើប្រចាំថ្ងៃឆ្លើយមិនបាន។

ប៉ាឆ្លើយ៖ “ណ្ហើយប៉ា ប្រាប់ទៅចុះ! មួយម៉ោងប្រមាណ១០ដុល្លារ។”

បានឮចម្លើយភ្លាម នីក បានរត់ទៅបន្ទប់របស់ខ្លួននៅជាន់លើ ហើយបីកូនជ្រូកសន្សំប្រាក់ត្រលប់មកវិញ។ ពេលមកដល់មុខប៉ាភ្លាម គេបានហុចកូនជ្រូកនេះទៅឲ្យប៉ារួចនិយាយ “ក្នុងកូនជ្រូកនេះមានប្រាក់ជាង ៣០ដុល្លារ។ តើប៉ាអាចកំដរកូន៣ម៉ោងបានទេ? កូនចង់ទៅលេងសមុទ្រ និងញ៉ាំអាហារពេលល្ងាចជាមួយប៉ាម្ដងនៅថ្ងៃស្អែក។ សូមប៉ា រៀបតារាងពេលវេលាសម្រាប់ពេលដើរលេងនេះផង?”

គ្រាន់តែឮសម្ដីកូនប្រុសប៉ុន្មានម៉ាត់នេះភ្លាមធ្វើឲ្យឪពុកអួលដើមក រកនិយាយអ្វីមិនចេញ បានត្រឹមសម្លឹងមើលទាំងក្ដីអាណិតកូន៕

តម្លៃអប់រំរឿង៖ សូមចំណាយពេលវេលាខ្លះសម្រាប់ក្រុមគ្រួសារ ផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ចំពោះកូនប្រពន្ធផងក្នុងនាមជាឪពុកម្ដាយរបស់គេ។ លុយមិនអាចទិញអ្វីៗបានទាំងអស់ទេ។ ខំរកប្រាក់ច្រើនមកដើម្បីអ្វី បើខ្លួនមិនមានពេលចាយផង?

05

ប្រភព៖ បរទេស

Comments

loading...