SHARE

មិត្តៗយុវវ័យដឹងទេថា ភាពជោគជ័យតែងកើតឡើងពីចំណុចតូចៗជាច្រើន រួមផ្សំគ្នា ដែលគេហៅថាបទពិសោធន៍ជីវិត។ មនុស្សមានបទពិសោធន៍ជីវិតផ្សេងៗគ្នា បទពិសោធន៍មិនអាចកែប្រែបានឡើយ តែយើងអាចបង្កើតវាបាន ដោយមិនពិបាកក្នុងពេលអ្នកនៅជាយុវវ័យ។ ខាងក្រោមនេះ ជាចំណុច ៥យ៉ាង បើអ្នកធ្លាប់ឆ្លងកាត់មុនអាយុ ២៥ឆ្នាំ ចាត់ទុកថាជាការចាប់ផ្ដើមដ៏ល្អ។

១. ធ្លាប់ឆ្លងកាត់ការរៀនសូត្រ

បុគ្គលជោគជ័យមិនមែនសុទ្ធតែរៀនចប់បរិញ្ញា មហាបណ្ឌិត ឬមានសញ្ញាប័ត្រព្យួរពេញជញ្ជាំងឡើយ ប៉ុន្តែក៏ធ្លាប់ឆ្លងកាត់ការរៀនសូត្រដែរ ទើបមានជំនាញមួយជាប់ខ្លួន ជាក្បូននាំទៅរកត្រើយអនាគត។ មិនថាធ្លាប់រៀនត្រឹមបាក់ឌុប ឬប្រឡងមិនជាប់បាក់ឌុប ទៅធ្វើជាងម៉ូតូ-ឡានអ្វីឡើយ ឲ្យតែធ្លាប់ឆ្លងកាត់ការសិក្សា ក៏រាប់ថាជាការចាប់ផ្ដើមពន្លឺនៃជីវិត។
២. ធ្លាប់ធ្វើការឲ្យគេ

ជឿទេថា បុគ្គលជោគជ័យភាគច្រើនសុទ្ធតែធ្លាប់ធ្វើការឲ្យគេ មិនថាការងារនោះប្ដូរយកប្រាក់ខែ ប្ដូរយកបាយហូប ឬគ្រាន់តែធ្វើដើម្បីជួយយកអាសា។ ការងារដែលធ្លាប់ធ្វើឲ្យគេទាំងនោះហើយ ជាដុងមួយឲ្យអ្នកអាចចាប់បានអាជីពទៅអនាគត។ បើមិនធ្លាប់ធ្វើអ្វីសោះ រឿងអីចេះកើត?
៣. ធ្លាប់ធ្វើការងារតូចៗនៅផ្ទះ

ក្រៅពីការងារជាអាជីពរកប្រាក់ ការងារតូចៗនៅផ្ទះក៏រាប់ថាជាចំណែកនៃជីវិតដែរ។ មិនថាជួសជុលដំបូលផ្ទះ ជួសជុលបំពង់ទឹក តខ្សែភ្លើង ឬជួសជុលគ្រឿងតូចៗមួយចំនួន សុទ្ធតែជាមាគ៌ាចាប់ផ្ដើមរកភាពជោគជ័យ។ សាកគិតមើល បើអ្នកអាចធ្វើខ្លួនឯងបាន សន្សំប្រាក់ប៉ុន្មានក្នុងមួយឆ្នាំ? មនុស្សមានដុង គ្រាន់តែមើលគេ ក៏ស្វែងយល់ចេះធ្វើដែរ ការងារអស់នេះ។

៤. ធ្លាប់ជិះយន្តហោះចេញទៅក្រៅប្រទេស

អាចចាត់ទុកថា ចម្លែកបន្តិច ប៉ុន្តែរឿងនេះ ជាកម្លាំងចិត្តមួយដ៏រឹងមាំសម្រាប់អ្នកសម្លឹងទៅមុខ។ គេថាកង្កែបក្នុងអណ្ដូងមើលឃើញពិភពលោកតូច។ មិនខុសគ្នាទេ បើអ្នកធ្លាប់ចេញក្រៅប្រទេស អ្នកអាចមើលឃើញអ្វីដែលថ្មីទាំងវិញក្មេង មួយវិញទៀតវាក៏អាចធ្វើឲ្យអ្នកមានជំនឿចិត្តកាន់តែខ្លាំងលើខ្លួនឯង ព្រោះបានស្គាល់អ្វីមុនគេមួយជំហាន។
៥. ចេះជំនាញទូទៅ

ជំនាញទូទៅមានគ្រប់ប្រភេទរាប់តាំងពីកីឡានានា ធ្វើម្ហូប ហែលទឹក បើកឡានជាដើម។ ទាំងអស់នេះ សុទ្ធតែអាចមានប្រយោជន៍សម្រាប់ជីវិត បើទោះបីពេលខ្លះអ្នកមិនត្រូវការវាក៏ដោយ។
៦. មានទ្រព្យសម្បត្តិ ៣ពាន់ដុល្លារជាប់ខ្លួន

ទ្រព្យសម្បត្តិនេះ គឺរាប់ទាំងម៉ូតូ ទូរសព្ទ ឬគ្រឿងមានតម្លៃ រួមទាំងលុយសុទ្ធដែលអ្នកមានបូកបញ្ចូលគ្នា។ ហេតុអ្វីត្រូវមាន ៣ពាន់ដុល្លារ ទើបរាប់ថាចាប់ផ្ដើមជោគជ័យ? ព្រោះធម្មតា មនុស្សលើពិភពលោកនឹងរៀនចប់ថ្នាក់កណ្ដាល គឺបរិញ្ញាបត្រ នៅអាយុ ២២ឆ្នាំ។ ៣ឆ្នាំបន្ទាប់ គួរណាស់ សល់ប្រាក់ខែ ១០០ដុល្លារ ក្នុងមួយខែ ដែលស្មើនឹង ៣ពាន់ដុល្លារនេះឯង។
តើអ្នកមានប៉ុន្មានចំណុចហើយ? បើជិតឈានដល់វ័យ ២៥ឆ្នាំ តែខ្វះចំណុចណាមួយខាងលើនេះ មិត្តៗយុវវ័យគួរបំពេញបន្ថែម ដើម្បីជាវិថីទៅអនាគត។ បើមានគ្រប់ចំណុចហើយ អ្នកអាចចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍កសាងគ្រួសារ បើកទំព័រជីវិតវ័យកណ្ដាលបានហើយ៕

ប្រភព៖ បរទេស

Comments

loading...
SHARE