SHARE

ព្រះអង្គនន់ព្រះរៀម ឡើងគ្រងរាជ្យនៅចន្លោះឆ្នាំ១៧៧៥ និងឆ្នាំ១៧៧៩។ ក្នុងរយៈពេលបួនឆ្នាំនៃការគ្រងរាជ្យរបស់ព្រះអង្គនេះ ព្រះអង្គបានពឹងសៀម ឲ្យជួយធ្វើសង្គ្រាម។ តែទីបំផុត ព្រះរាជារាមាធិបតីអង្គនន់ នេះ ត្រូវគូបដិបក្ខដែលមានយួន នៅពីក្រោយ ប្រហារជីវិតបង់ទាំងពូជ។the_buddha_king_of_angkor_wat_cambodia-wallpaper-2560x1600

គ.៣៣ ព្រះអង្គនន់ព្រះរៀម (ឆ្នាំ១៧៧៥-ឆ្នាំ១៧៧៩)

ព្រះអង្គនន់ព្រះរៀម ដែលជាបុត្រាព្រះស្រីជ័យជេដ្ឋអង្គស្ងួន ទ្រង់បានឡើងសោយរាជ្យនៅរាជធានីឧត្តុង្គ ក្នុងឆ្នាំ១៧៧៥ បន្ទាប់ពីព្រះឧទ័យរាជាអង្គតន់ ដាក់រាជ្យថ្វាយព្រះអង្គមក ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការ ព្រះរាមាធិបតីរាជាធិរាជ។ ក្នុងរាជ្យព្រះអង្គ ប្រទេសកម្ពុជា បានធ្លាក់ពីការត្រួតត្រារបស់យួន ចូលទៅនៅក្រោមការត្រួតត្រារបស់សៀម វិញម្ដង។

នៅដើមរាជ្យព្រះអង្គ នៅឯប្រទេសយួនអណ្ណាម មានការបះបោររបស់ពួកតៃស៊ឺន ប្រឆាំងនឹងស្ដេចយួន។ ពេលនោះ មន្ត្រីយួន ដែលឈរនៅតំបន់ព្រៃនគរ បានចាត់បម្រើឲ្យនាំសំបុត្រមកសុំទ័ព និងស្បៀងពីប្រទេសខ្មែរ ទៅជួយច្បាំង ប៉ុន្តែព្រះរាមាធិបតីព្រះអង្គនន់ មិនយល់ព្រមជួយតាមសំណើនោះឡើយ។ មេទ័ពយួន ខឹងណាស់ ក៏ប្រមូលកម្លាំងទ័ពយ៉ាងច្រើននាំឡើងមកវាយបន្ទាយខ្មែរនៅភ្នំពេញ។ តែទីបំផុត ទ័ពយួន ត្រូវបរាជ័យដកថយទៅវិញ។

មួយចំណែកទៀតនៅក្នុងរាជវាំងឧត្តុង្គ មានមន្ត្រីម្នាក់ឈ្មោះឧកញ៉ា វិបុលរាជស៊ូ មិនសប្បាយចិត្តនឹងព្រះរាមាធិបតីព្រះអង្គនន់ ជាស្ដេចផែនដីថ្មី ក៏រកវិធីញុះញង់បំបែកបំបាក់ផ្ទៃក្នុងឲ្យចលាចលឡើង ដោយដំបូង មន្ត្រីនេះបានទូលញុះញង់ព្រះមហាឧបរាជធម្មរាជា ថាស្ដេចផែនដីបានចោទថា ព្រះអង្គធម្ម នេះ ប៉ងក្បត់ដណ្ដើមរាជ្យសម្បត្តិ។ ប៉ុន្តែមហាឧបរាជអង្គធម្ម មិនជឿ ហើយប្រដៅមន្ត្រីនេះឲ្យស្មោះនឹងស្ដេចផែនដីផង។ ដោយខ្លាចបែកការឮដំណឹងពីគំនិតមិនល្អរបស់ខ្លួនដល់ស្ដេចផែនដី ដែលនាំឲ្យមានទោសដល់ជីវិត ឧកញ៉ា វិបុលរាជស៊ូ ក៏បែរជារកល្បិចទូលញុះញង់ព្រះអង្គនន់ ស្ដេចផែនដីម្ដង ដោយចោទថា ព្រះមហាឧបរាជប៉ងដណ្ដើមរាជ្យ ដោយបានបបួលខ្លួនឲ្យរួមចូលដៃជាមួយផង។

ព្រះរាជាមិនបានពិចារណា ក៏ទ្រង់ជឿ ក៏បញ្ជាឲ្យឧកញ៉ា វិបុលរាជស៊ូ នេះ និងមន្ត្រីជំនិតរបស់ព្រះអង្គម្នាក់ គឺឧកញ៉ា ស្រីអគ្គរាជប៉ុល ប្រើល្បិចបបួលព្រះមហាឧបរាជលេងឈើត្រង់ នៅក្នុងឱកាសដែលអ្នកទាំងអស់គ្នា នាំគ្នាទៅថែរក្សាព្រះរោគព្រះមហាឧបយោរាជអង្គតន់ ក្សត្រដាក់រាជ្យនៅកំពង់ហ្លួង ដោយប្រើឧបាយបង្កើតជម្លោះ ហើយយកលេសធ្វើគតព្រះមហាឧបរាជអង្គធម្ម ក្នុងពេលនោះទៅ។

ចំណែកខាងព្រះមហាឧបយោរាជអង្គតន់ ដែលទ្រង់ព្រះប្រឈួនស្រាប់ លុះជ្រាបរឿងនេះ ទ្រង់ទោមនស្សខ្លាំងណាស់ ព្រះរោគកាន់តែធ្ងន់ ហើយសុគតក្នុងឆ្នាំ១៧៧៧ នោះទៅ។ ព្រះអដ្ឋិធាតុរបស់ព្រះអង្គ និងអដ្ឋិធាតុព្រះមហាឧបយោរាជអង្គធម្ម ត្រូវគេបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យឧត្តុង្គ។ ចំណែកព្រះរាជបុត្រារបស់ព្រះអង្គតន់ គឺព្រះអង្គអេង និងបុត្របីអង្គទៀត ត្រូវបានឧកញ៉ា អធិវង្សាប៉ុក ជាព្រះធម៌បិតា ចិញ្ចឹមបីបាច់ថែរក្សារៀងរហូតមក។map-asia

ព្រឹត្តិការណ៍មួយទៀត គឺនៅក្នុងឆ្នាំ១៧៧៨ ស្ដេចសៀម ក្រុងធនបុរី បានលើកទ័ពធំជាពីរផ្លូវទៅចូលលុកលុយប្រទេសឡាវ។ ទ័ពមួយ ចូលត្រង់ពីប្រទេសសៀម ទៅឡាវ និងទ័ពមួយទៀតឲ្យចុះមកកាត់តាមប្រទេសខ្មែរ ដើម្បីសុំព្រះរាជាខ្មែរឲ្យជួយផ្ដល់កម្លាំងទ័ព សាស្ត្រាវុធ និងស្បៀងអាហារ ហើយឡើងតាមទន្លេធំឆ្លងតាមល្បាក់ខោនឡើងទៅចម្ប៉ាសាក់។ ព្រះបាទរាមាធិបតីព្រះអង្គនន់ ដែលធ្លាប់យកសៀម ជាបង្អែក បានយល់ព្រមតាមសំណើរបស់សៀម ទោះបីជាមានការប្រឆាំងតវ៉ាមិនចុះសម្រុងពីមន្ត្រីមួយចំនួនធំក៏ដោយ។

ដើម្បីសងគុណសៀម ព្រះអង្គបានបញ្ជាឲ្យកេណ្ឌរាស្ត្រខ្មែររាប់ម៉ឺននាក់ បញ្ចូលក្នុងជួរកងទ័ពសៀម ឲ្យសៀម ដឹកយកទៅវាយប្រទេសឡាវ ដែលជាប្រទេសមានប្រពៃណីជាមិត្តដ៏ល្អរបស់ខ្មែរ តាំងពីយូរលង់មកហើយ។ ម្យ៉ាងទៀត ព្រះអង្គបានបង្ខំឲ្យកេណ្ឌស្រីៗក្នុងខេត្តកំពង់ស្វាយ ឲ្យបុកស្រូវអង្ករបន្តផ្ដល់ជាស្បៀងឲ្យទ័ពសៀម ដែលជាហេតុបណ្ដាលឲ្យរាស្ត្រខ្មែរកើតក្ដីក្ដៅក្រហាយយ៉ាងខ្លាំង។ ពលទាហានលែងស្ដាប់បញ្ជា ហើយរត់ចេញពីជួរទ័ពសៀម ព្រះរាជាទ្រង់ខ្ញាល់ណាស់ ក៏ចាត់ព្រះឃ្លាំងធិបតីសំ ធ្វើជាឧកញ៉ាហ្លួង ឲ្យតាមរកចាប់ពួកទាំងនោះមកធ្វើទោស។

អំពើនេះ ជំរុញឲ្យរាស្ត្រមានកំហឹងយ៉ាងខ្លាំង។ ម្យ៉ាងដោយមានការគាំទ្រពីចៅហ្វាយ មឿងគោកសេះ ឈ្មោះឧកញ៉ាមន្ត្រីស្នេហាសូ ផង ប្រជារាស្ត្រក៏បះបោរកជាទ័ព ចូលឡោមព័ទ្ធដោយអត់ញញើតចាប់ឧកញ៉ា ព្រះឃ្លាំងធិបតីសំ ជាឧកញ៉ា ហ្លួង សម្លាប់ចោលទៅ។

ព្រះរាមាធិបតីព្រះអង្គនន់ ទ្រង់ពិរោធណាស់ ក៏បញ្ជាឲ្យចាប់ឧកញ៉ាមន្ត្រីស្នេហាសូ ដាក់ទោសប្រហារជីវិតបង់។ ឯឧកញ៉ាសែនខាងវ៉ាពាង ចៅហ្វាយស្រុកខេត្តបាធាយ ទទួលទោសត្រូវវាយ ៥០រំពាត់ និងឧកញ៉ាតេជោទែន ចៅហ្វាយខេត្តកំពង់ស្វាយ ជាបងអ្នកទាំងពីរ ត្រូវទទួលការជេរប្រដៅស្ដីបន្ទោស។ ចំណែកខាងជំទាវឡង់ ជាម្ដាយ ពេលដឹងថាកូនពៅរបស់គាត់ គឺឧកញ៉ាមន្ត្រីស្នេហាសូ ត្រូវព្រះរាជាកាត់ទោសប្រហារជីវិតដូច្នោះ គាត់ឈឺចិត្តណាស់។ ពេលបានជួបកូនពីរនាក់ទៀត គឺឧកញ៉ាសែនខាងវ៉ាពាង និងឧកញ៉ាតេជោទែន ដែលសុទ្ធតែជាចៅហ្វាយខេត្តនោះ គាត់បានបញ្ជាឲ្យក្រោកឈរប្រមូលរាស្ត្រ បះបោរប្រឆាំងនឹងស្ដេចផែនដី ដើម្បីសងសឹកវិញផង និងដើម្បីដណ្ដើមរាជ្យថ្វាយទៅព្រះអង្គអេង បុត្រព្រះមហាឧបយោរាជអង្គតន់ ផង។

ព្រះរាមាធិបតីព្រះអង្គនន់ ជ្រាបកិច្ចការនេះ ក៏បញ្ជាឲ្យហៅចៅហ្វាទឡ្ហៈម៉ូ ជាកូនច្បងរបស់ជំទាវឡង់ ពីខេត្តបាសាក់ មកឲ្យនាំទ័ពទៅបញ្ចុះបញ្ចូលប្អូនទាំងពីរ ឲ្យឈប់នាំរាស្ត្រក្នុងខេត្តទាំងបីបះបោរទៅ ប៉ុន្តែផ្ទុយទៅវិញ ចៅហ្វាទឡ្ហៈម៉ូ បែរជារួមកម្លាំងនឹងប្អូនគាត់ប្រឆាំងនឹងព្រះរាជាវិញ។ ព្រះរាមាធិបតីព្រះអង្គនន់ ឃើញដូច្នោះ ក៏ទ្រង់លើកទ័ពផ្ទាល់ព្រះអង្គទៅវាយបង្ក្រាបចលនាបះបោរនេះ នៅខេត្តកំពង់ស្វាយ។

ក្រោយពីព្រះរាជាលើកទ័ពចេញទៅ ឧកញ៉ាវិបុលរាជស៊ូ នៅរាជវាំងឧត្តុង្គ ដែលធ្លាប់ប្រើល្បិចបំបែកបំបាក់ផ្ទៃក្នុងពីមុននោះ បានចូលដៃខាងចៅហ្វាម៉ូ ដែរ ហើយនាំកម្លាំងរបស់ខ្លួនចាប់ព្រះរាជបុត្របួនអង្គរបស់ព្រះរាមាធិបតីអង្គនន់ ស្ដេចផែនដីថ្មីយកទៅពិឃាដ នៅភូមិឃ្លាំងស្បែក ទាំងអស់។ ព្រះរាមាធិបតីអង្គនន់ បានដឹងដំណឹងនេះ ទ្រង់តក់ស្លុតណាស់ ក៏ដកទ័ពថយមកក្រុងឧត្តុង្គ វិញ។ ប៉ុន្តែមកដល់កំពង់ឆ្នាំង បានជួបប្រទះនឹងទ័ពខ្មែរ-យួន ដែលចៅហ្វាម៉ូ បានពឹងឲ្យមកជួយ ហើយច្បាំងគ្នានៅទីនោះ។ ទីបំផុត ព្រះរាជាចាញ់ ហើយបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ។

ក្រោយមក ព្រះរាជាបានជួបអ្នកសីលខ្លាំងពូកែម្នាក់ឈ្មោះ សីលមាស ហើយទ្រង់លើកសីលមាស នេះឲ្យធ្វើជាមេទ័ព តែត្រូវច្បាំងចាញ់ចៅហ្វាម៉ូ ទៀត។ ព្រះអង្គនន់ ក៏ទ្រង់ភៀសទៅភ្នំកំរ៉ែង ដែលទីបំផុតព្រះរាជារាមាធិបតីអង្គនន់ នេះ ត្រូវចៅហ្វាម៉ូ ចាប់បានដាក់ទ្រុងយកមកសម្រេចទោសប្រហារជីវិត ដោយទម្លាក់បំភ្លេចក្នុងបឹងខ្យង ខាងទិសនិរតីស្ពានខ្លាត្រាំ ខាងលិចកំពង់ហ្លួង ក្នុងខេត្តពញាឮ ក្នុងឆ្នាំ១៧៧៩ នោះទៅ។ ក្រោយពីបានជ័យជម្នះជាស្ថាពរហើយ ទាំងអស់គ្នាបានមូលមតិថ្វាយរាជ្យសម្បត្តិទៅព្រះអង្គអេង ជាព្រះរាជបុត្រព្រះមហាឧបយោរាជអង្គតន់ ឲ្យឡើងសោយរាជ្យតាំងពីពេលនោះមក៕

Comments

loading...
SHARE