SHARE

ភ្នំពេញ៖ ករណីវាយកាប់ប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ព្រំប្រទល់នៅទឹកដីខណ្ឌមានជ័យ ខណ្ឌដង្កោ និងជាប់ខេត្តកណ្ដាល តែងតែកើតឡើងជាញឹកញ៉ាប់ តែសមត្ថកិច្ចមិនដែលអន្តរាគមន៍បង្ក្រាបបានម្ដងណាឡើយ ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើសមត្ថកិច្ចព្រោះតែអសមត្ថភាព។

ជាក់ស្ដែងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានយុវជនប្រុសស្រី១គូរ បានជិះម៉ូតូម៉ាកនិចមួយគ្រឿង ហើយត្រូវបានក្រុមជនសង្ស័យប្រើដាវសាំម៉ូរៃកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសដាច់ដៃ(ស្រាល) រួចយកម៉ូតូជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូបាត់បង់ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1S-7124 មានឈ្មោះ ផុន ឈៀងលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនារីជាគូរស្នេហ៍រួមដំណើរជាមួយមានឈ្មោះ សូ ចាន់ណារី អាយុ២០ឆ្នាំមុខរបរកម្មការិនីរោងចក្រ រស់ភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ក្នងករណីកាប់ប្លន់យកម៉ូតូខាងលើ បើតាមសម្ដីយុវជនរងគ្រោះឈ្មោះផុន ឈៀងលី បាននិយាយប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានជិះម៉ូតូឌុបសង្សារតែ២នាក់ ចេញផ្ទះរបស់ខ្លួនបំណងមកលេងផ្ទះបងប្អូននៅភ្នំពេញម្ដុំបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រមាណ៧នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក បានតាមមកពីក្រោយហើយប្រើដាវសាំម៉ូរៃកាប់មកលើយុវជនរងគ្រោះទាំងកំរោលតែម្ដង បណ្ដាលឲ្យចំដៃឆ្វេងរងរបួសស្រាល ហើយភ្លាមៗជនរងគ្រោះភិតភ័យខ្លាំងពេកក៏ចុះពីលើម៉ូតូគេចខ្លួន រួចត្រូវបានក្រុមជនសង្ស័យ លើយកម៉ូតូជនរងគ្រោះជិះដំរង់មកភ្នំពេញវិញគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុ យុវជនប្រុសស្រីរងគ្រោះទាំងពីនាក់បានទំនាក់ទំនងទៅសាច់ញាតិរួមទាំងសមត្ថកិច្ចជួយអន្ដរាគមន៍ដល់កន្លែងកើតហេតុ តែជួយមិនបាននិងត្រឹមតែដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោមទាំងរបួសដៃ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានស្ដីបន្ទោសថែមទៀត ៕

ban d_n lhjn

 

Comments

loading...