SHARE

ព្រះឧទ័យរាជាអង្គតន់ សោយរាជ្យនៅចន្លោះឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៧៥។ ក្នុងរាជ្យរបស់ព្រះអង្គ សង្គ្រាមដណ្ដើមអំណាចរវាងខ្មែរ និងខ្មែរ បានធ្វើឲ្យរាស្ត្រខ្មែររងទុក្ខវេទនា និងចុះថយចំនួនពលរដ្ឋយ៉ាងច្រើន។

ខាងព្រះអង្គជាស្ដេចសោយរាជ្យ មានយួន ជាបង្អែក ឯខាងគូសត្រូវរបស់ព្រះអង្គ គឺអង្គនន់ព្រះរៀម មានសៀម ជាបង្អែក។ ក៏ប៉ុន្តែ ដោយព្រះទ័យចង់បញ្ចប់សោកនាដកម្មរបស់ប្រជារាស្ត្រខ្មែរក្នុងពេលនោះ ព្រះអង្គសម្រេចព្រះទ័យឈប់ពឹងយួន ហើយសុខចិត្តដាក់រាជ្យ រួចយាងគូបដិបក្ខព្រះអង្គមកឲ្យសោយរាជ្យជំនួសវិញ។Khmer empire at war with Thai

គ.៣២ ព្រះឧទ័យរាជាអង្គតន់ (ឆ្នាំ១៧៥៨-ឆ្នាំ១៧៧៥ ព្រះឧទ័យទី២)

ក្រោយពីច្បាំងឈ្នះព្រះញាតិវង្សរបស់ខ្លួនហើយ ព្រះអង្គតន់ បុត្រឧបរាជអង្គសូ ក៏បានឡើងសោយរាជបន្តពីព្រះអង្គទង ជាព្រះអយ្យកោ (ជីតា) នៅព្រះរាជវាំងឧត្តុង្គមានជ័យ នៅឆ្នាំខាល គ.ស.១៧៥៨ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះនរាយណ៍រាជាធិរាជរាមាធិបតី ព្រះស្រីសុរិយោពណ៌ បរមសុរិន្ទ្រា មហាចក្រពត្តិរាជ។

នៅដើមរាជ្យរបស់ព្រះអង្គ ព្រះឧទ័យរាជាអង្គតន់ នេះ ទ្រង់ចាត់ឲ្យដង្ហែព្រះសពព្រះអយ្យកោ គឺព្រះអង្គទង ដែលសុគតនៅខេត្តពោធិ៍សាត់ មកឧត្តុង្គមានជ័យ ហើយព្រះរាជាប្រទេសឡាវ ក៏បានចាត់ឲ្យដង្ហែព្រះសពព្រះមហាក្សត្រី ដែលជាព្រះមាតារបស់ព្រះអង្គ ដែលបានទៅគង់ ហើយសោយទិវង្គតនៅប្រទេសលាវ នោះ មកកម្ពុជា វិញដែរ។ ព្រះអង្គទ្រង់ប្រារឰធ្វើពិធីបុណ្យសុន្ទរ៍ទានក្សត្រទាំងពីរអង្គតាមរាជប្រវេណី ហើយទ្រង់ដង្ហែយកព្រះអដ្ឋិធាតុទៅបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យ។

ដល់ឆ្នាំមមែ ព្រះអង្គសព្វព្រះទ័យដាក់រាជ្យមួយរយៈ ហើយទ្រង់ចូលសាងផ្នួសក្នុងសំណាក់ព្រះសុគន្ធាធិបតី ព្រះមានប៉ិម អស់រយៈបីខែ ស្ដេចគង់ចាំព្រះវស្សានៅព្រះអារាមកោះចិន។ ក្រោយមក ទ្រង់តែងតាំងអ្នកព្រះម៉ែនាងមាលាបុប្ផាវតី ជាអគ្គមហេសីស្តាំ ព្រះនាមជាព្រះភគវតី ព្រះឯកក្សត្រី។ ស្ដេចតាំងព្រះអង្គអីក្សត្រី រាជបុត្រីព្រះអង្គដួង ដែលសុគតទៅ ជាមហេសីឆ្វេង ព្រះនាមព្រះភគវតី ព្រះស្រីសុជាតា ហើយទ្រង់តែងតាំងព្រះអង្គធម្ម កូនព្រះអង្គដួង ជាអតីតសត្រូវរបស់ព្រះអង្គ ប៉ុន្តែមានព្រះទ័យស្មោះត្រង់នឹងព្រះអង្គ ជាមហាឧបរាជ។

loading...

នៅឆ្នាំ១៧៦៧ ប្រទេសភូមា បានលើកទ័ពមកវាយយកបានរាជធានីឰយុធ្យា ប្រទេសសៀម ហើយចាប់ទាំងព្រះមហាក្សត្រសៀម យកទៅផង។ ព្រះរាជបុត្រស្ដេចសៀម ព្រះនាមចុលជាស៊ីសាំង លើកទ័ពតតាំងច្បាំងនឹងភូមា តែចាញ់ភូមា ទៀត ហើយភៀសមកជ្រកកោននៅក្នុងប្រទេសខ្មែរ ដែលក្រោយមក ព្រះអង្គទ្រង់សុគតនៅស្រុកខ្មែរនេះទៅ។ ឆ្លៀតពេលនោះ កូនកាត់ចិន-ថៃ ម្នាក់ឈ្មោះ ពញាតាក បានលើកទ័ពដេញពួកភូមា ឲ្យចេញផុតពីប្រទេសសៀម បាន ហើយឡើងសោយរាជ្យ ព្រះនាមចៅតាកស៊ីន រួចប្ដូរទីក្រុងពីឰយុធ្យា មកបឹងកក់ គឺបាងកក សព្វថ្ងៃដាក់ឈ្មោះថាក្រុងធនបុរី។Khmer_Cham_Naval_Battle_1181CE-a

ឯកសារមហាបុរសបានរៀបរាប់ថា ឆ្នាំ១៧៦៨ ក្រោយពីបានឡើងសោយរាជ្យ ព្រះចៅតាកស៊ីន ប្រទេសសៀម ក៏ចាត់រាជទូតឲ្យនាមសារមកពង្រឹងចំណងស្ពានមេត្រីភាពរវាងខ្មែរ និងសៀម ប៉ុន្តែត្រូវបានព្រះឧទ័យរាជាអង្គតន់ មហាក្សត្រខ្មែរបដិសេធ ដោយទ្រង់យល់ថា ព្រះចៅតាកស៊ីន មិនមែនជាអំបូរស្ដេចផែនដី។

ព្រះចៅតាកស៊ីន ស្ដេចសៀម ទ្រង់ព្រះពិរោធណាស់ ក៏បញ្ជាឲ្យលើកទ័ពចូលមកលុកលុយប្រទេសខ្មែរ ប៉ុន្តែជាដំបូង ទ័ពសៀម ត្រូវបរាជ័យដកថយទៅវិញ។ ដល់ឆ្នាំ១៧៧១ សៀម លើកទ័ពជាទ្រង់ទ្រាយធំមកម្តងទៀត ដោយចែកជាពីរផ្លូវ គឺទ័ពជើងគោកមួយម៉ឺននាក់ ដោយយាងទាំងព្រះអង្គនន់ព្រះរៀម បុត្រព្រះអង្គស្ងួន ដែលបានភៀសទៅពឹងសៀម ហើយសៀម សន្យាថា និងវាយដណ្ដើមរាជ្យថ្វាយទៅជាមួយផង និងទ័ពជើងទឹក ១ម៉ឺន ៥ពាន់នាក់ ដឹកនាំបញ្ជាដោយព្រះចៅតាកស៊ីន ផ្ទាល់។

ចំណែកខាងព្រះឧទ័យរាជាអង្គតន់ ព្រះរាជាខ្មែរវិញ កាលបើបានជ្រាបថា ទ័ពសៀម ជិតចូលមកដល់ក្រុងឧត្តុង្គ ហើយ ព្រះអង្គក៏ទ្រង់ភៀសព្រះអង្គទៅខាងក្រោម ដើម្បីសុំកម្លាំងទ័ពយួន ឲ្យមកជួយ។ ព្រះចៅក្រុងអណ្ណាម ក៏យល់ព្រម ហើយបានបញ្ជូនទ័ពរាប់ម៉ឺននាក់ឲ្យមករួមសន្ធប់ជាមួយទ័ពខ្មែរ ច្បាំងជាមួយនឹងទ័ពសៀម ដែលជួយខាងអង្គនន់ព្រះរៀម។

ក្នុងសង្គ្រាមដណ្ដើមអំណាចរវាងខ្មែរ និងខ្មែរ គឺរវាងព្រះឧទ័យរាជាអង្គតន់ និងអង្គនន់ព្រះរៀម ដែលម្ខាងមានយួន ជាបង្អែក និងម្ខាងទៀតមានសៀម ជាបង្អែកនេះ បានធ្វើឲ្យរាស្ត្រខ្មែររងទុក្ខវេទនាវិនាសហិនហោចខ្លោចផ្សា រំលស់ចំនួនចុះថយយ៉ាងលឿនជាទីបំផុត។ ណាស្លាប់ដោយមុខអាវុធ ណាស្លាប់ដោយគ្រោះទុរ្ភិក្ស ណាស្លាប់ដោយជំងឺតម្កាត់ដ៏កាចសាហាវ មានអាសន្នរោគ អុតធំ គ្រុនចាញ់។ល។

ឯកសារភាគច្រើនបានរៀបរាប់ថា ប្រទេសខ្មែរសម័យនោះមានសភាពស្ងាត់ជ្រងំ នៅតាមស្រុកខ្លះមានតែមនុស្សចាស់ជរា និងកុមារតូចៗតែប៉ុណ្ណោះ។ សៀម បានចាប់កេណ្ឌប្រជារាស្ត្រខ្មែរច្រើនម៉ឺនគ្រួសារ បង្ខំយកទៅស្រុកគេ ដោយប្លន់រឹបអូសយកទាំងសម្បត្តិដ៏មានតម្លៃផ្សេងៗផង។ ចំណែកខាងយួន វិញ ឆ្លៀតឱកាសនេះជំរុលបញ្ជូនគ្នាគេឲ្យចូលមកតាំងទីលំនៅក្នុងដីខ្មែរ ត្រង់ស្រុកឃ្លាំង ព្រះត្រពាំង (ត្រាវិញ) ហើយរំលោភចូលមកដល់ខេត្តផ្សារដែក (សាដិច) កោះតែង (គូឡៅយ៉ាង) និងខេត្តមាត់ជ្រូក (ចូវដុក) កាន់តែច្រើនទៀតផង។indochina-1925

ព្រះឧទ័យរាជាអង្គតន់ ជាស្ដេចសោយរាជ្យ កាលឃើញទុក្ខវេទនារបស់រាស្ត្រដូច្នោះ ព្រះអង្គទ្រង់កើតក្តីសង្វេគ ហើយទ្រង់ព្រមចងស្ពានមេត្រីជាមួយសៀម វិញ ដើម្បីបញ្ចប់ទុក្ខសោកនេះ ដោយបានបញ្ជូនព្រះញាតិម្នាក់ឈ្មោះ កែវដួង ឲ្យនាំព្រះរាជសារទៅធ្វើការចងស្ពានមេត្រីនេះ។ ដំបូង ស្ដេចសៀម មិនយល់ព្រមព្រោះមិនជឿ ហើយចាប់ កែវដួង ឃុំទុក។ ប៉ុន្តែដល់ព្រះអង្គតន់ ព្រមបញ្ជូនបុត្រភរិយា កែវដួង ឲ្យទៅស្ដេចសៀម ទើបព្រះចៅតាកស៊ីន ជឿ ហើយយល់ព្រមទទួលសួយសាររបស់ខ្មែរ និងបញ្ជូនសួយសាររបស់សៀម មកថ្វាយព្រះរាជាខ្មែរវិញ។ ម្យ៉ាងទៀត ដោយពេលនោះទ័ពភូមា បានលើកទ័ពមកវាយសៀម ម្តងទៀតផង ព្រះចៅតាកស៊ីន ក៏ទ្រង់បញ្ជាឲ្យដកទ័ពសៀម ទៅប្រទេសសៀម វិញ ទុកតែទាហានមួយចំនួនឲ្យនៅរក្សាអង្គនន់ព្រះរៀម នៅឧត្តុង្គ តែប៉ុណ្ណោះ។ ឯព្រះអង្គនន់ព្រះរៀម ក្រោយពីពួកសៀម ជាបង្អែករបស់ខ្លួនដកថយទៅហើយ ទ្រង់មិនហ៊ានគង់នៅឧត្តុង្គ ទេ ម្យ៉ាងដោយចង់បានរាជ្យសម្បត្តិ ព្រះអង្គទ្រង់កេណ្ឌទ័ពសង្កត់យកខេត្តភាគខាងត្បូងបានយ៉ាងច្រើន។

ចំណែកព្រះអង្គតន់ ស្ដេចផែនដីវិញ ឆ្នាំ១៧៧៤ ព្រះអង្គទ្រង់គង់នៅវាំងភាក់ កោះចិន ទ្រង់ជ្រាបហេតុដូច្នេះ ព្រះអង្គក៏បញ្ជាឲ្យអុងយួន វិលត្រឡប់ទៅស្រុកវិញ ហើយដើម្បីបញ្ចប់សោកនាដកម្មរបស់ប្រជារាស្ត្រខ្មែរក្នុងពេលនោះ នៅឆ្នាំ១៧៧៥ ព្រះអង្គទ្រង់យាងមកគង់នៅរាជធានីឧត្តុង្គ វិញ ហើយចាត់អស់សេនាបតី និងរាជាគណៈសង្ឃ ឲ្យទៅយាងព្រះអង្គនន់ព្រះរៀម ដែលជាគូបដិបក្ខ មកឲ្យសោយរាជ្យជំនួសព្រះអង្គ ដែលទ្រង់ព្រមដាក់រាជ្យ ហើយទ្រង់យកនាទីជាព្រះឧបយោរាជ វិញ៕

ប្រភព៖ RFA

Comments

loading...
SHARE