SHARE

ជនជាតិអឺរ៉ុប ដែលបានចូលមកប្រទេសកម្ពុជា នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ ក្រៅពីមកធ្វើជំនួញ និងផ្សាយសាសនា ពួកនេះក៏ត្រូវព្រះមហាក្សត្រខ្មែរពឹងពអោយជួយទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសសៀម ដែរ។ ប្រការនេះ បានបើកឱកាសអោយពួកអឺរ៉ុប អាចលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរ ហើយហ៊ានធ្វើគត់ព្រះមហាក្សត្រខ្មែរថែមទៀតផង។

លោក ជុន ច័ន្ទបុត្រ រៀបរាប់ជូនអំពីទំនាក់ទំនងខ្មែរជាមួយជនជាតិអឺរ៉ុប ជាបន្តទៅទៀតដូចតទៅ៖

៤. ជនជាតិហូល្លង់ដ៍

ជនជាតិអឺរ៉ុប ដែលភាគច្រើនមកពីប្រទេសអេស្ប៉ាញ (Spain) និងព័រទុយហ្គាល់ (Portugal) បានចូលមកដល់ប្រទេសកម្ពុជា ក្រោយពីបានបោះទីតាំងដាក់អាណានិគមលើប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍រួចហើយ។ ជនជាតិហូល្លង់ដ៍ បានមកដល់ប្រទេសកម្ពុជា ក្រោយគេ។

ក្រោយពីបានបង្កើត “ក្រុមហ៊ុនទូទៅឥណ្ឌាខាងកើត” នៅឆ្នាំ១៦១២ ហើយបានបោះទីតាំងជំនួញរបស់ខ្លួនក្នុងប្រទេសឥណ្ឌា ស្រីលង្កា ប្រទេសជប៉ុន និងនៅកោះជ្វា យ៉ាងរឹងមាំរួចមក ជនជាតិហូល្លង់ដ៍ ក៏បានធ្វើដំណើរតាមសំពៅមកប្រទេសកម្ពុជា ដើម្បីទាក់ទងធ្វើពាណិជ្ជកម្មជាមួយទៀត។ ពួកហូល្លង់ដ៍ មកដល់កម្ពុជា នៅឆ្នាំ១៦២០ នៃគ.ស. ហើយបានបើកគ្រឹះស្ថានជំនួញយ៉ាងធំរបស់ខ្លួននៅតាមដងទន្លេសាប គឺនៅកំពង់ហ្លួង មិនឆ្ងាយប៉ុន្មានពីរាជធានីឧដុង្គ នៅក្នុងឆ្នាំ១៦២៣។

ជនជាតិហូល្លង់ដ៍ ធ្វើជំនួញនៅប្រទេសកម្ពុជា បានជោគជ័យណាស់ ប៉ុន្តែពួកនេះ បានប៉ះទង្គិចឈ្លោះប្រកែកជាញឹកញាប់ជាមួយពួកព័រទុយហ្គាល់ ដែលបានមកតាំងទីមុន។ ដោយធ្វើជំនួញនៅកម្ពុជា ក្នុងភាពប្រទាញប្រទង់គ្នាយ៉ាងយូរជាមួយពួកព័រទុយហ្គាល់ ផង ទំនាស់ជាមួយពួកឈ្មួញចិន ផង ទីបំផុត ពួកហូល្លង់ដ៍ ភាគច្រើនត្រូវដកខ្លួនចេញពីប្រទេសកម្ពុជា ដោយសេចក្តីឈ្នានីសរបស់ពួកព័រទុយហ្គាល់។ នេះបើតាមឯកសារសម្ដេចក្សត្រីម៉ាលិកា។

loading...

តាំងពីដើមសតវត្សទី១៦ មក ពួកអឺរ៉ុប បានចូលមកដល់ទ្វីបអាស៊ីនេះជាច្រើន។ ចំណែកខាងខ្មែរវិញ ចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៦ រហូតដល់ពាក់កណ្ដាលសតវត្សទី១៧ ខ្មែរ និងសៀម មានវិបត្តិប៉ះទង្គិចច្បាំងគ្នាកាន់តែញឹកញាប់ឡើងៗ។ សៀម ដែលតាំងពីដើមសតវត្សទី១៣ បានទន្ទ្រានយកដីខ្មែរតាំងពីសុខោទ័យ ហើយក្រោយមក រុលមកតាំងរាជធានីនៅឰយុធ្យា រហូតដល់វាយបែកអង្គរលើកទី១ នៅឆ្នាំ១៣៥២ ឬឆ្នាំ១៣៥៣ លើកទី២ នៅឆ្នាំ១៣៩៣ ហើយចេះតែទន្ទ្រានយកដីខ្មែរមកមុខរហូតដល់ខេត្តនានាដែលឋិតមិនឆ្ងាយប៉ុន្មានពីខាងជើងជួរភ្នំដងរែក ទៀត។01-citro1910

ព្រះរាជាខ្មែរច្រើនព្រះអង្គ ដូចជាព្រះស្រីរាជា ព្រះអង្គច័ន្ទរាជា ព្រះបរមិន្ធរាជា ។ល។ ទ្រង់បានខិតខំការពារទឹកដីនៃមាតុភូមិរបស់ខ្លួន ហើយខំវាយដណ្ដើមយកមកវិញនូវខេត្តភាគខាងលិចនេះ។ ពេលខ្លះក៏បានជោគជ័យ ពេលខ្លះក៏មិនបានជោគជ័យ។

ក្នុងឱកាសដែលជនជាតិអឺរ៉ុប ហូរចូលមកទ្វីបអាស៊ី ហើយកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងលើតំបន់នេះ ដោយសារចង់គេចអោយរួចផុតពីដង្កៀបរបស់សត្រូវសៀម ព្រះរាជាខ្មែរច្រើនអង្គ ទ្រង់បានខិតខំធ្វើទំនាក់ទំនងទាក់ទាញពួកអឺរ៉ុប ទាំងអស់ អោយមកផ្សព្វផ្សាយសាសនា ឬធ្វើពាណិជ្ជកម្មជាមួយខ្មែរ ក្នុងបំណងសុំជំនួយកម្លាំងមកជួយការពារជាតិផង។ ប៉ុន្តែទំនាក់ទំនងនេះ ហាក់មិនសូវបានលទ្ធផលល្អសមប្រកបតាមបំណងសោះ។

តែទោះជាយ៉ាងណាក្តី ស្ទើរតែពេញរយៈពេលមួយសតវត្ស ដោយរាប់ពីពាក់កណ្ដាលសតវត្សទី១៦ ដល់ជាងពាក់កណ្ដាលសតវត្សទី១៧ ជនជាតិអឺរ៉ុប មួយចំនួន ពិសេសគឺពួកព័រទុយហ្គាល់ និងពួកអេស្ប៉ាញ៉ុល បានទាក់ទងយ៉ាងជិតស្និទ្ធបំផុតជាមួយព្រះរាជាខ្មែរ និងខ្លះទៀតបានជាប់ទាក់ទិនចូលបម្រើកិច្ចការរាជការរបស់ខ្មែរថែមទៀតផង។

ជាក់ស្តែង ក្នុងរាជ្យព្រះសត្ថា ឆ្នាំ១៥៧៦-ឆ្នាំ១៥៩៥ លោក វេឡូសូ ជនជាតិព័រទុយហ្គាល់ បានក្លាយជាប្អូនថ្លៃព្រះសត្ថាទី១។ ឯ លោក រ្វីស៍  ជនជាតិអេស្ប៉ាញ៉ុល វិញ បានក្លាយជាអង្គរក្សផ្ទាល់របស់ព្រះអង្គ។ ក្រោយពេលដែលសៀម លើកទ័ពមួយសែននាក់ ដំរីបីពាន់ សេះប្រាំពាន់ មកវាយបន្ទាយលង្វែកលើកទី១ នៅឆ្នាំ១៥៨៦ ហើយព័ទ្ធបន្ទាយនេះអស់រយៈពេលបីខែ តែមិនបានជោគជ័យ ហើយត្រូវដកថយទៅវិញ ព្រះសត្ថា បានបញ្ជូន លោក វេឡូសូ អោយទៅទាក់ទងជាមួយអ្នកកាន់អំណាចព័រទុយហ្គាល់ នៅជ្រោយម៉ាឡាកា ដើម្បីសុំអោយបញ្ជូនកម្លាំងទ័ពមកជួយខ្មែរ តែពួកព័រទុយហ្គាល់ មិនអាចមកជួយខ្មែរបាន ព្រោះជាប់រវល់ច្បាំងនឹងពួកម៉ាឡាយូ។da89ceb55a691534fe5e31a56bf9b89d--kampot-phnom-penh

ដោយហេតុទាក់ទងនឹងពួកព័រទុយហ្គាល់ មិនបានដូច្នោះ ហើយដោយមានការថ្វាយយោបល់ពី លោក រ្វីស៍  ជាជាតិអេស្ប៉ាញ៉ុល ផង ព្រះសត្ថា បានបញ្ជូន លោក វេឡូសូ អោយនាំព្រះរាជសារទៅទាក់ទងជាមួយលោកទេសាភិបាលអេស្ប៉ាញ៉ុល នៅក្រុងម៉ានីល ដើម្បីសុំជំនួយទ័ពច្បាំងនឹងសៀម តែកិច្ចការនេះមិនបានសម្រេចទេ ព្រោះពេលនោះពួកអេស្ប៉ាញ៉ុល កំពុងតែរៀបចំកងទ័ពដើម្បីវាយយកកោះម៉ូលុកស៍ (MoLusques) ផងដែរ។

ក្រោយពីលោកទេសាភិបាលចាស់ជាឪពុកបានស្លាប់ ក្នុងដំណើរបេសកកម្មឆ្ពោះទៅវាយយកកោះម៉ូលុកស៍ នោះ លោកទេសាភិបាលអេស្ប៉ាញ៉ុលថ្មីនៃក្រុងម៉ានីល ដែលជាកូន បានព្រមជួយព្រះរាជាខ្មែរ។ តែជាអកុសល ក្នុងពេលដែល លោក វេឡូសូ និងកងកម្លាំងរបស់លោកវិលមកដល់កម្ពុជា វិញនៅឆ្នាំ១៥៩៣ ពួកសៀម បានវាយលុកយកបានបន្ទាយលង្វែករួចជាស្រេចទៅហើយ។ ក្នុងរាជ្យព្រះរាមាជើងព្រៃ ឆ្នាំ១៥៩៤-ឆ្នាំ១៥៩៦ ដែលជាព្រះមហាក្សត្របានដេញកំចាត់ពួកសៀម ដែលបោះទីតាំងនៅឧដុង្គ ក្រោយពីពួកនេះវាយលុកបានបន្ទាយលង្វែក រួចកាន់កាប់ត្រួតត្រាប្រទេសកម្ពុជា មួយរយៈអោយរត់ត្រឡប់ទៅស្រុកសៀម វិញនោះ វិបត្តិទាស់ទែងគ្នាមួយបានកើតឡើងរវាងទាហានជើងទឹកអេស្ប៉ាញ៉ុល ដែលបានរឹបអូសយកទំនិញរបស់ឈ្មួញចិន ហើយបានសម្លាប់ឈ្មួញចិន ប្រមាណ ១០០នាក់ផង។

លោក វេឡូសូ បានសុំចូលជួបព្រះរាជា ដើម្បីស្រាយបំភ្លឺបញ្ហាទំនាស់នេះ តែត្រូវព្រះរាជាដាក់លក្ខខណ្ឌអោយពួកអេស្ប៉ាញ៉ុល សងទំនិញទាំងអស់ទៅពួកចិន ជាមុនសិន។ ដោយមិនពេញចិត្តនឹងព្រះរាជារាមាជើងព្រៃ ដែលមិនព្រមទទួលជួបពួកខ្លួនភ្លាមៗផង និងដោយសារបំណងយឹតយោងខ្សែខាងព្រះសត្ថាជាបងថ្លៃខ្លួន ដែលបានភៀសខ្លួនជាមួយព្រះរាជបុត្រទៅប្រទេសលាវ ក្នុងពេលសៀម វាយលុកក្រុងលង្វែក អោយបានរាជ្យសម្បត្តិនៅកម្ពុជា វិញផង លោក វេឡូសូ និងលោក រ្វីស៍  ព្រមទាំងស្ម័គ្របក្ខពួក ក៏បានវាយលុក និងធ្វើគត់ព្រះបាទរាមាជើងព្រៃ ក្នុងពេលយប់មួយនៅក្នុងព្រះបរមរាជវាំងស្រីសន្ធរ នោះទៅ៕

 

Bayon Temple at Angkor Thom, Angkor, Cambodia
Bayon Temple at Angkor Thom, Angkor, Cambodia

ប្រភព៖ rfa.org

Comments

loading...
SHARE