SHARE

ខ្មែរយើងមានវប្បធម៌នៃការប្រើប្រាស់ទូកនេះយូរអង្វែងណាស់មកហើយ គឺមុនពួកឥណ្ឌាចូលស្រុកមកទៀត គឺតាមរយៈទឹកដីភូមិសាស្ត្រ ដែលសំបូរទៅដោយព្រែក ស្ទឹង បឹង ទន្លេ សមុទ្រ នេះ ដែលតម្រូវឲ្យខ្មែរចេះប្រើប្រាស់ទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរ រហូតមកដល់ពេលបច្ចុប្បន្នក៏ការប្រើប្រាស់ទូករបស់ខ្មែរនៅតែមានសារៈសំខាន់សម្រាប់ប្រើនៅក្នុងការនេសាទ និងការធ្វើដំណើររបស់អ្នកស្រុកនៅតាមមាត់ស្ទឹងទន្លេ ឬអ្នកនៅលើភូមិបណ្តែតទឹក ។

ប្រសិនបើយើងងាកទៅមើលភស្តុតាងអំពីការប្រើប្រាស់ទូក យើងឃើញមានចម្លាក់ទូកវែងនៅលើស្គរមហោរធឹក នៅក្នុងសិល្បៈសម័យដុងសឺន ដែលមានអាយុកាល ពីរ ទៅបី សតវត្ស មុនគ្រឹស្តសករាជ ទូកនោះមានចំណុះទូក ឬដៃចង្វារប្រហែល ១០ នាក់ ដែលនៅលើក្បាលទូកក៏មានការតុបតែងដូចជារូបសត្វអ្វីមួយ ។ ផុតពីរូបនោះ ទាល់តែចូលមកដល់សម័យសិល្បៈរចនាប័ទ្មបាពួន ទើបយើងឃើញមានវត្តមានទូកវែងមួយទៀត នៅលើផ្តែរប្រាសាទភ្នំរូង នៅខេត្តបុរីរម្យ ប្រទេសថៃ ចូលមកដល់រចនាប័ទ្មអង្គរ យើងឃើញមានចម្លាក់ទូកមួយចំនួនតូច ក្នុងនោះក៏មានរូបទូកធំពីរ ដែលអ្នកប្រវត្តិសាស្ត្រសន្និដ្ឋានថាជារូបទូកក្នុងសិល្បៈមនភូមា មិនមែនសិល្បៈខ្មែរទេ ។

មកដល់សម័យបាយ័ន មានចម្លាក់ជាច្រើនបង្ហាញពីរូបទូក ទាំងក្នុងទម្រង់សាសនា និងប្រើប្រាស់ក្នុងសង្គ្រាមជើងទឹករវាងខ្មែរ ចាម ដែលនៅក្នុងចម្លាក់ប្រាសាទបាយ័ន ប្រសិនបើយើងរាប់ដៃចង្វារតែម្ខាងៗ យើងឃើញថាទូកចាម មានដៃចង្វារមួយចំហៀងប្រហែល ១៥ នាក់ ដូច្នេះទូកចាមគួរមានប្រវែងប្រហែលពី ១២ ទៅ ១៥ ម៉ែត្រ ដោយឡែកទូកខ្មែរ ឃើញមានចំនួនដៃចង្វារមួយចំហៀងៗខុសៗគ្នាគឺចាប់ពី ១០, ១២, ១៤, ១៥, ១៨ និងរហូតទៅដល់ ២២ ដែលមានន័យថា ទូកខ្មែរមានប្រវែងប្រហែលពី ១០ ម៉ែត្រ ទៅជាង ២០ម៉ែត្រ គឺមានប្រវែងមិនខុសគ្នាប៉ុន្មានពីទូកង. ទូកមួង សម័យបច្ចុប្បន្ន ដែលមានចំណុះទូកពីជាង ២០នាក់ ទៅ ៤០នាក់នោះទេ ឯកសារមួយបកស្រាយដោយលោកបណ្ឌិតមីសែល ត្រាណេ ក៏បានលើកឡើងដែរថាទូកខ្មែរសម័យបាយ័នមានប្រវែងជាង ២០ម៉ែត្រ និងមានទទឹងធំបំផុតជាង ១ម៉ែត្រ ។

loading...

ចំណុចគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងសិល្បៈឆ្លាក់លើតួទូកនៅសម័យបាយ័ន គឺទូកភាគច្រើនមានរូបម្ករ អាចជារូបម្ករខ្ជាក់គ្រុឌ ខ្ជាក់នាគកល្យៈ ដោយមានរូបព្រះក្រឹស្ណៈចាប់ហែកនាគកល្យៈជាដើម ឬមានទូកមួយចំនួនដែលមានតែរូបម្ករតែប៉ុណ្ណោះ ។ វត្តមាននៃទូករូបម្ករនេះ យើងឃើញមាននៅក្នុងរូបថតសម័យបារាំងមួយសន្លឹក ដែលប្រហែលជាថតនៅក្នុងពិធីបណ្តែតព្រះអង្គារ៍ (សំណល់ពីការបូជាព្រះសព) របស់ព្រះបាទនរោត្តម ឬក៏ព្រះបាទស៊ីសុវត្ថិ ហើយនៅក្រោយពិធីបូជាព្រះសពរបស់អតីតមហាក្សត្រនរោត្តម សីហនុ ក៏មានការរៀបចំជារូបទូកម្ករ ខ្ជាក់នាគ សម្រាប់ពិធីបណ្តែតព្រះអង្គារ៍នេះដែរ ។

ប្រសិនបើយើងងាកនៅមើលប្រទេសជិតខាង គឺប្រទេសថៃ នៅក្នុងក្បួនទូកព្រះទីនាំង នៃក្បួនព្យូហយាត្រាជលមគ្គ ដែលមានទូកអុំ ជាច្រើន នៅក្នុងនោះមានទូកមួយគូ មានឈ្មោះចាប់ផ្តើមដោយពាក្យថា ឯកជ័យ (เอกชัย) ដែលទូកនេះមានចំណុះដៃចង្វារប្រហែល ៤០នាក់ នៅពេលខ្លះទូកមួយគូនេះមានតួនាទីជួយអូសព្រះទីនាំងសំខាន់ (ប្រហែលជាព្រះទីនាំងសុវណ្ណហង្ស) ។ រូបរាងរបស់ទូកព្រះរាជទ្រព្យ របស់មហាក្សត្រថៃនេះ មានរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងទូកខ្មែរ មួយចំនួននៅលើចម្លាក់នៃប្រាសាទបាយ័ន ។

ខ្ញុំធ្លាប់អានសៀវភៅ និរាសនគរវត្ត របស់សម្តេចតម្រង់រាជានុភាព ជាបុត្រារបស់ស្តេចមកុដ្ឋ រាមាទី ៤ នឹងត្រូវបានជនជាតិថៃ ចាត់ទុកជាបិតានៃប្រវត្តិសាស្ត្រថៃ ទ្រង់បានមកទស្សនាប្រទេសខ្មែរ ពីរទៅបីដង តាំងពីសម័យព្រះបាទស៊ីសុវត្ថិ ដោយនៅក្នុងសៀវភៅនិរាសនគរវត្តនោះ មានការបរិយាយថាទ្រង់បានសង្កេតឃើញថាទូករបស់ខ្មែរ ទោះជាធំ ឬតូចយ៉ាងម៉េចក៏ដោយ ក៏ទូកនោះមានការបិតទូក ដូចគ្នាទៅនឹង ទូកព្រះទីនាំងនៅប្រទេសថៃ ហើយទ្រង់សន្និដ្ឋានថាទូកព្រះទីនាំងថៃ គួរតែទទួលឥទ្ធិពលពីខ្មែរ ព្រោះថាទូកថៃ តូចៗ មានលក្ខណៈ នៃការបិតទូកខុសពីខ្មែរ ។

ទូកថៃតូចៗ មានការបិតដោយយកបន្ទះក្តារ នៅពីក្រោមរាងបួនជ្រុងទ្រវែង ហើយទើបមានការបិតក្តារបញ្ឆាកពីចំហៀង និងពីក្បាល ពីកន្សៃ ដោយឡែកទូកខ្មែរទាំងតូច ទាំងធំ ទាំងវែង ទាំងខ្លី មានការនិយមបិតជាទម្រង់ខ្នងក្រពើ គឺកោងហើយទ្រវែង គឺមានជម្រៅជ្រៅជាងទូកថៃតូចៗ ដោយមានការបិតក្តារជាមុំទេរតាមឆ្អឹងទូក ដោយដាក់បន្ទះក្តារឲ្យស៊ីគ្នា ហើយនិយមធ្វើឲ្យមានក្បាលទូក និងកន្សៃទូក ។សូមបន្ថែមបន្តិចអំពីម្ករ ម្ករគឺជាសត្វនៅក្នុងទេវកថាព្រហ្មញ្ញសាសនា


សម្រាប់ភាសាហិណ្ឌីបច្ចុប្បន្នពាក្យថាម្ករ គឺសត្វក្រពើ ខ្មែរស្គាល់ម្ករនេះយូរមកហើយ ដែលយើងឃើញវត្តមានរបស់ម្ករនេះនៅក្នុងសិល្បៈខ្មែរតាំងពីសម័យមុនអង្គរ រហូតមកដល់សិល្បៈប្រពៃណីយ៍សម័យបច្ចុប្បន្នក៏នៅតែមានវត្តមាន ។

រឿងតំណាលថាម្ករ គឺកើតចេញពីសក់ខ្មៅ ១ សសៃរបស់ព្រះនាងគង្គា ដែលបានធ្លាក់មកលើផែនដី កើតបានជាម្ករ ពេលម្ករកើតមក វាបានលេបសត្វ និងទេព ទាំងឡាយនៅលើផែនដី រហូតដល់ព្រះសិវៈចុះមកបង្ក្រាប ហើយទើបបង្គាប់ម្ករខ្ជាក់សត្វ និងទេពនិករទាំងឡាយចេញមកវិញ ដោយក្នុងនោះនៅក្នុងសិល្បៈខ្មែរ ឃើញមានរូបម្ករខ្ជាក់នាគ ខ្ជាក់គ្រុឌ ខ្ជាក់គោ ចំណែកសិល្បៈឥណ្ឌូនេស៊ី និងឡានណានៅភាគខាងជើងថៃ ឃើញមានរូបម្ករខ្ជាក់ទេពប្រណម្យទៀត ។

Comments

loading...
SHARE