SHARE

ដូចប្រាសាទផ្សេងៗដែរ ប្រាង្គប្រាសាទខ្មែរដែលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអ្នកស្រុកទទួលស្គាល់ថា ជាកន្លែងស័ក្តិសិទ្ធិអស្ចារ្យ ព្រោះនៅទីនោះ មានបារមីដ៏សែនមានមហិទ្ធិឫទ្ធិ។ ដោយសារហេតុនោះហើយ ទើបបានជាម្តងម្កាលអ្នកស្រុកជិតឆ្ងាយរមែងតែជួបជុំប្រមូលផ្តុំគ្នាមកបន់ស្រន់នៅប្រាសាទកោះកេរនេះ។តាមប្រពៃណីដែលធ្លាប់មានពីបុរាណមក អ្នកស្រុកអ្នកភូមិជិតឆ្ងាយចាត់ទុកថា កំពូលប្រាសាទធំនៃក្រុមប្រាសាទកោះកេរ គឺជាកន្លែងមហាស័ក្តិសិទ្ធិអស្ចារ្យ ដោយហេតុថា នៅទីណោះមានរូបសិង្ហបួន ឈរទូលលិង្គមួយដ៏ធំមហិមា ធ្វើអំពីលោហៈ ដែលសព្វថ្ងៃត្រូវបាត់បង់ទៅ។ ម្យ៉ាងវិញទៀត ភាពស័ក្តិសិទ្ធិ គឺបណ្តាលមកពីនៅក្រោមលិង្គនោះ មានរន្ធអាថ៌កំបាំងមួយធំដែលគេអាចចុះទៅដល់បាតប្រាសាទ។

សូមរំលឹកថា ប្រាសាទធំ មានរាងជាសាជី ដូចពីរ៉ាមីតនៅប្រទេសអេហ្សីប ក៏ប៉ុន្តែភាពខុសគ្នាគឺកោះកេរ ជាសំណង់ស្ថាបត្យកម្មធ្វើអំពីថ្មភក់ ហើយមានសណ្ឋានជាថ្នាក់ៗ រីឯប្រទេសអេហ្សីបវិញ ធ្វើអំពីឥដ្ឋដុត។ ម្យ៉ាងវិញទៀត នៅលើកំពូលប្រាសាទខ្មែរ មានលិង្គធំមួយទ្រដោយនរសិង្ហចំនួន៤។ ប្រាសាទធំដ៏មានបុណ្យបារមីនេះ មានបណ្តោយ ៧០ម៉ែត្រ ទទឹង ២២,៥៨ និងកំពស់ប្រមាណជា ៣៥ម៉ែត្រ ហើយស្ថិតនៅចំកណ្តាលកំពែងមួយដ៏ធំអស្ចារ្យ។ ហើយបើយោងតាមខ្លឹមសារនៃសិលាចារឹក យើងក៏អាចដឹងទៀតថា ប្រាសាទនេះត្រូវបានកសាងឡើងនៅស.វទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤ ហើយជាប្រាសាទរាជខុសពីប្រាសាទដទៃឯទៀត ដែលជាឧបសម្ព័ន្ធ ដែលមានចំនួនមិនតិចជាង៣០ នោះទេ។

ដូចពោលខាងលើ ប្រាសាទធំនេះ ដែលនៅចំកណ្តាល មានរន្ធធំមួយនោះ មានរឿងព្រេងពាក់ព័ន្ធមួយចំនួន គួរឲ្យចាប់អារម្មណ៍។ ឧទាហរណ៍អ្នកស្រុកចាស់ៗនៅទីនេះបាននិយាយតៗគ្នាថា នាសម័យអាណានិគមបារាំង មានទាហានជាច្រើននាក់បានប៉ុនប៉ងចុះទៅបាតប្រាសាទ ដើម្បីរាវរកវត្ថុបុរាណ និងមាសពេជ្រ កែវកង ដោយចងខ្សែនៅចង្កេះនៅពេលចុះទៅក្រោម ក៏ប៉ុន្តែជាអកុសលមិនបានទៅដល់ឡើយ។ ពួកគេត្រូវបាត់ខ្លួនទាំងអស់ មិនអស់ចិត្តមេទ័ពបារាំងបានបញ្ជារឲ្យរុះរើថ្មនៅកាំជណ្តើរ ដើម្បីចុះដល់បាតប្រាសាទទៀត ក៏ប៉ុន្តែដូចលើកមុន កូនចៅរបស់គេក៏នៅតែបាត់ខ្លួនទៀត ម្ល៉ោះហើយគេក៏បញ្ឈប់សកម្មភាពទៅ។

loading...

 

Comments

loading...
SHARE