SHARE

ចិន និង រុស្ស៊ី បានចូលរួមក្នុងការបោះឆ្នោតជាឯកច្ឆន្ទមួយ ដើម្បីដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៦ កាលពីពេលថ្មីៗកន្លងទៅ។

ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលបានលទ្ធផល ១៥-០ ដោយគាំទ្រលើសំណើនៃការដាក់ទណ្ឌកម្មរបស់អាមេរិក ចំនួន ៦ ធំៗដូចជា ហាមឃាត់ការនាំចូលប្រេងកាត, ការនាំចេញវាយនភណ្ឌ, បញ្ចប់កិច្ចសន្យាការងារក្រៅប្រទេស, បង្ក្រាបការរត់ពន្ធ, បញ្ឈប់ការបណ្ដាក់ទុនជាមួយប្រទេសដទៃទៀត និងការដាក់ទណ្ឌកម្មលើអង្គភាពរដ្ឋាភិបាលកូរ៉េខាងជើង។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា «ថ្ងៃនេះ យើងនិយាយថា ពិភពលោកនឹងមិនទទួលយកប្រទេសដែលប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទេ ហើយថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា ប្រសិនបើកូរ៉េខាងជើង មិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នោះយើងនឹងចាត់វិធានការដើម្បីបញ្ឈប់វាដោយខ្លួនឯង»។

ទណ្ឌកម្មថ្មីនេះ ត្រូវបានយល់ស្របនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកសំណើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមួយចំនួន ដែលខ្លួនបានប្រកាសកាលពីសប្ដាហ៍មុន រាប់បញ្ចូលទាំង ការបញ្ឈប់ការនាំចេញ និងនាំចូលប្រេងទាំងស្រុង និងវិធានការនានាដើម្បីទប់ស្កាត់សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ។

ប្រភព៖ BBC

Comments

loading...
SHARE